ថៅកែហាងពេជ្រអ្នកស្រី ទ្រី ដាណា ៖ ពេលវេលាគឺដើរលឿនណាស់ សូមកុំទុកចោលអត់ប្រយោជន៍ កុំទម្លាប់គិតយូរពេក គិតលឿន ធ្វើលឿន កុំធ្វើជាមនុស្សសាំញាំពេក គិតងាយ ធ្វើងាយ ទើបមានហុងស៊ុយល្អ

ហៅកែហាងមាស ពេជ្រ និងជាម្ចាស់គ្រឿងសម្អាង NNP អ្នកស្រី ទ្រី ដាណា បានខិតខំតស៊ូប្រឹងប្រែងពុះពារ ឆ្លងកាត់គ្រប់ឧបសគ្គជាច្រើន ទម្រាំតែមុខជំនួញរបស់គាត់ មានភាពជោគជ័យដូចពេលបច្ចុប្បន្ននេះ។ មកដល់ត្រង់ចំណុចនេះ ប្រិយមិត្ដជាច្រើន ប្រាកដជាចង់ដឹងហើយថា តើគាត់ធ្វើអ្វីខ្លះ ទើបទទួលបានភាពជោគជ័យដូចពេលបច្ចុប្បន្ននេះ? ដើម្បីជាការឆ្លើយតប អ្នកស្រី ទ្រីដាណា បានចែករំលែក នូវចំនេះដឹង ក្នុងផ្នែកមុខជំនួញ ឱ្យមហាជនបានដឹងថា៖”មានគេសួរខ្ញុំថា រាល់ថ្ងៃហ្នឹង ចេះហត់អត់? ខ្ញុំសើច ខ្ញុំថា មនុស្សណា មិនមែនម៉ាស៊ីនទេ សូម្បីម៉ាស៊ីនក៏វាចេះក្ដៅដែរ តែខ្ញុំមិនចង់ទុកពេលវេលាឱ្យកន្លងហួស ដោយមិនធ្វើអីសោះទេ ហើយក៏មិនចង់រស់នៅតំបន់សុវត្ថិភាពដែរ។

ហេហេហេ ឆ្ងល់ទៀតហើយ ស្អីគេអាតំបន់សុវត្ថិភាពហ្នឹង ចង់និយាយថា អ្នកខ្លះគាត់មិនប្រកួតប្រជែង នឹងជីវិតខ្លួនឯង បណ្ដោយឱ្យវាទៅតាមដំណើរចឹងទៅ ព្រឹកឡើងម៉ោង ៨ បានដល់កន្លែង ល្ងាចម៉ោង ៥ ចេញមកវិញ ក៏ដេកទៅ។ បើអ្នករកស៊ីវិញ លក់ប៉ុណ្ណឹងទៅ ដាច់ក៏ដាច់ទៅ មិនដាច់ក៏ហីទៅ អាហ្នឹងហើយ គេហៅថានៅតំបន់សុវត្ថិភាពហ្នឹង ព្រោះគាត់មិនគិតខ្វល់អី ដឹងតែត្រឹមតែធ្វើអីដដែលៗ។ តែរហូតដល់ពេលមួយ ដែលគាត់សម្លឹងទៅគេ ឃើញគេសុខស្រួល គេមានបាន ក៏ចាប់ផ្ដើមស្ដាយក្រោយ ហើយអ្នកខ្លះនៅតែឆ្ងល់ទៀត ថាម៉េចមិនបានដូចគេ។ ធ្វើម៉េចដូចគេកើត បើយើងមិនដែលមើលថាគេធ្វើអី មិនធ្វើតាមគេ ឬធ្វើឱ្យលើសគេផង។

បើចង់បានដូចអ្នកណា យកគេជាគំរូហើយ ធ្វើតាមគេទៀត ទើបយើងអាចផ្លាស់ប្ដូរបាន។ ត្រូវព្យាយាមប្រកួតប្រជែងនឹងជីវិតខ្លួនឯង រៀនធ្វើអីថ្មីៗ កុំនៅតែដដែល។ ត្រូវមានក្ដីសង្ឃឹម ត្រូវគិតថា បើគេធ្វើបាន យើងក៏ធ្វើបានដែរ ឱ្យតែខំប្រឹង យ៉ាងហោចណាស់ ក៏ថ្ងៃស្អែក អាចប្រសើរជាងថ្ងៃនេះ មិនចាំបាច់ប្រកួតប្រជែងជាមួយអ្នកណាទេ។ បើយើងធ្វើការ ត្រូវរកវិធីយ៉ាងណា ធ្វើលឿនជាងមុន ស្រួលជាងមុន។ បើរកស៊ីវិញ ត្រូវរកវិធីយ៉ាងណាលក់ដាច់ជាងមុន មានអ្នកទិញច្រើនជាងមុន ជឿខ្ញុំទៅ ពេលវេលាដើរលឿនណាស់ កុំទុកចោលអត់ប្រយោជន៍ កុំទម្លាប់គិតយូរពេក គិតលឿន ធ្វើលឿន កុំធ្វើជាមនុស្សសាំញាំពេក គិតងាយ ធ្វើងាយ ទើបមានហុងស៊ុយល្អ។ បើថាខឹងវិញ ឆាប់ស្ដីឱ្យ ឆាប់បំភ្លេច ឆាប់ញញឹម អាហ្នឹងបានមានក្ដីសុខ”។

Add a Comment

Your email address will not be published. Required fields are marked *